កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “ក្របខ័ណ្ឌគតិយុត្ត និងបច្ចេកទេសក្នុង ការទទួលនិងប្រើប្រាស់ព័ត៌មានអ្នកដំណើរជាមុន (Advance Passenger Information - API) និងកំណត់ត្រាឈ្មោះអ្នកដំណើរ (Passenger Name Record - PNR)”
នាថ្ងៃពុធ ៤កើត ដល់ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ Cambodiana រាជធានីភ្នំពេញ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងការិយាល័យប្រឆាំងភេរវកម្មនៃអង្គការសហប្រជាជាតិ (UNOCT) បានសហការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “ក្របខ័ណ្ឌគតិយុត្ត និងបច្ចេកទេសក្នុងការទទួលនិងប្រើប្រាស់ព័ត៌មានអ្នកដំណើរជាមុន (Advance Passenger Information-API និងកំណត់ត្រាឈ្មោះអ្នកដំណើរ (Passenger Name Record-PNR)”។ ដោយឡែកនាថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.រ ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ មានរៀបចំពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិនេះក្រោមអធិបតីភាព ឯកឧត្តម នួន ច័ន្ទរិទ្ធ ប្រធានក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (ក.ប.អ.), អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានវត្តមានអមជាគណៈអធិបតីដោយលោកអគ្គនាយករង សែ សុឃន ជាអនុប្រធានអចិន្ត្រៃយ៍ ក.ប.អ., លោកស្រី Christine Erika Bradley ប្រធានគណៈប្រតិភូអង្គការ UNOCT, អ្នកជំនាញការ UN ពាក់ព័ន្ធ, ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS), និង ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមសរុបប្រមាណ ៥០ រូប។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ឯកឧត្តមជាគណៈអធិបតីបានរំលឹកពីសាវតារសង្ខេបនៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ GTAS នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីតភ្ជាប់និងបញ្ជូនទិន្នន័យអ្នកដំណើរតាមផ្លូវអាកាស API និង PNR ពីក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិហោះហើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា។ ការប្រើប្រាស់ប្រព័ន្ធ GTAS គឺជាការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិ ដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួនស្របតាមកម្មវិធីសន្តិសុខរបស់អង្គការសហប្រជាជាតិលេខ S/RES/2178 (2014) ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៤ និងអង្គការគយពិភពលោក (WCO Security Programme)។ ការប្រើប្រាស់ប្រព័ន្ធនេះ បានអនុញ្ញាតឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ទទួលបាននូវព័ត៌មានអ្នកដំណើរតាមផ្លូវអាកាសជាមុនសម្រាប់បម្រើការវិភាគហានិភ័យលើអ្នកដំណើរឆ្លងកាត់ព្រំដែនតាមផ្លូវអាកាស និងបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន, ចូលរួមលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងជំរុញរំហូរភ្ញៀវទេសចរណ៍ដោយពុំបង្កើនបន្ទុកចំណាយបន្ថែមដល់ភ្ញៀវទេសចរណ៍។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថាកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិនាថ្ងៃនេះ គឺជាការពិនិត្យឡើងវិញ ក៏ដូចជាស្វែងយល់បន្ថែមឱ្យបានកាន់តែទូលំទូលាយនៃការប្រើប្រាស់ទិន្នន័យ API និង PNR លើទិដ្ឋភាពច្បាប់, ប្រតិបត្តិការ និងបច្ចេកទេស ព្រមទាំងរចនាសម្ព័ន្ធដែលបាននិងកំពុងប្រើប្រាស់ក៏ដូចជាដើម្បីកំណត់ឱ្យបានជាក់លាក់នូវតម្រូវការ កសាងសមត្ថភាព និងជំនួយបច្ចេកទេសតាមរយៈកិច្ចសហប្រតិបត្តិការជាមួយកម្មវិធី Countering Terrorist Travel Program (CTTP) របស់អង្គការ UNOCT នេះ។ កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិនេះបានផ្ដល់ឱកាសឱ្យអ្នកចូលរួមទំាងអស់យល់ដឹងបន្ថែម និងអាចផ្លាស់ប្តូរយោបល់ លើសសរស្តម្ភចំនួន៤ គឺទី១: ក្របខ័ណ្ឌគតិយុត្ត, ទី២: ការត្រៀមខ្លួនអនុវត្ត, ទី៣: ការចូលរួមពីវិស័យឧស្សាហកម្មដឹកជញ្ជូន, និងទី៤: ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស, សម្ភារៈបរិក្ខារ, និងការតភ្ជាប់ប្រព័ន្ធ។ នេះជាជំហានដ៏ចាំបាច់នៃកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជានិងអង្គការ UNOCT ក្នុងគោលដៅតែមួយ គឺសំដៅចូលរួមលើកកម្ពស់ប្រសិទ្ធភាពនូវការប្រើប្រាស់ API និង PNR នៅកម្ពុជា ដែលមានសារសំខាន់ក្នុងការងារប្រឆាំងភេរវកម្មនិងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិនេះ ដំណើរការទៅដោយរលូនដោយទទួលបានមតិយោបល់ អនុសាសន៍ល្អៗ ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញការអន្តរជាតិដើម្បីពង្រឹងការអនុវត្តការទទួលនិងប្រើប្រាស់ទិន្នន័យ API និង PNR។ កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិបានបិទបញ្ចប់ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។